អគ្គីភ័យឆាបឆេះយន្តហោះដឹកអ្នកដំណើរ១២៦នាក់ ក្រោយពីយន្តហោះ ចុះខុសគោលដៅ នៅអាកាសយានដ្ឋានអន្តរជាតិ Miami
(បរទេស)៖ មនុស្ស៣នាក់បានរងរបួស និងត្រូវបានបញ្ចូនទៅកាន់មន្ទីពេទ្យ បន្ទាប់ពីយន្តហោះនៃជើងហោះហើរ Red Air មកពីសាធារណរដ្ឋ Dominican បានចុះចតខុសគោលដៅ និងបង្កជាអគ្គីភ័យ ក្នុងអាកាសយានដ្ឋានអន្តរជាតិ Miami។ នេះបើតាមសេចក្តីរាយការណ៍ដោយទីភ្នាក់ងារសារព័ត៌មាន CNN នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២២។
សូមបញ្ជាក់ថា យន្តហោះនៃជើងហោះហើរ Red Air មកពីសាធារណរដ្ឋ Dominican បានហោះចេញពី Santo Domingo ដោយមានផ្ទុកអ្នកដំណើរ ១២៦នាក់។ អាជ្ញាធរបានរាយការណ៍បឋមថា ភ្លើងបានឆេះចេញពីកាប៊ិនយន្តហោះ បន្ទាប់មក ក៏បានធ្លាយប្រេងចេញមកក្រៅ ស្របពេលដែលយន្តហោះបានចុះចតខុសប្រអប់គោលដៅក្នុងអាកាសយានដ្ឋាន។
យ៉ាងណាក៏ដោយ យន្តហោះ និងអ្នកដំណើរ ត្រូវបានជួយសង្គ្រោះបានទាន់ពេលវេលា ដោយក្រុមពន្លត់អគ្គីភ័យ។ ជាមួយគ្នានោះ ក្រុមប្រឹក្សាសុវត្ថិភាពដឹកជញ្ជូនជាតិបាននិយាយថា យន្តហោះនេះគឺជាប្រភេទ McDonnell Douglas MD-82 ហើយក្រុមការងារនឹងបញ្ជូនក្រុមអ្នកស៊ើបអង្កេតទៅកាន់កន្លែងឧប្បត្តិហេតុ៕PP